រុស្ស៉ីបញ្ចេញវីដេអូបង្ហាញពីការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ Oreshnik នៅបេឡារុស

បរទេស៖ រុស្ស៉ីកាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ បានបញ្ចេញវីដេអូបង្ហាញពីអ្វីដែលខ្លួននិយាយថាជាការដាក់ពង្រាយប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរល្បឿនលឿងជាសំឡេង Oreshnik នៅក្នុងប្រទេសបេឡារុស ជាចំណាត់ការមួយដើម្បីជំរុញសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារលើគោលដៅនៅទូទាំងតំបន់អឺរ៉ុប ក្នុងករណីសង្រ្គាមផ្ទុះឡើង។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថានេះជាលើកដំបូងដែលក្រសួងការពារជាតិរុស្ស៉ីបានបង្ហាញពីប្រព័ន្ធយានចល័តមីស៊ីល Oreshnik ដែលលោកប្រធានាធិបតី ពូទីន ចាត់ទុកថា ជាមីស៊ីលខ្លាំងគ្មានគូប្រៀប ហើយគ្មានប្រព័ន្ធខែលប្រឆាំងមីស៊ីលណានាពេលបច្ចុប្បន្នអាចស្ទាប់ចាប់បាន។ មីស៊ីល Oreshnik ត្រូវបានរាយការណ៍ថាមានសមត្ថភាពហោះលឿនជាងសំឡេង១០ដង។

ក្រុមអ្នកវិភាគលោកខាងលិចយល់ថាការដាក់ពង្រាយប្រព័ន្ធមីស៊ីល Oreshnik នៅលើទឹកដីបេឡារុស ជាសញ្ញាមួយបង្ហាញថាទីក្រុងមូស្គូពឹងផ្អែករឹតតែខ្លាំងលើការសម្លុតគំរាមអាវុធនុយក្លេអ៊ែរ ខណៈ កំពុងព្យាយាមកំញើញ NATO កុំឱ្យបន្តផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែននូវអាវុធដែលមានសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី៕ (Reuters)





 

Powered by Blogger.