ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ចិននៅសប្ដាហ៍ក្រោយ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃអាទិត្យ ទី៤ ខែមករា ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

លោក Lee និងលោក ស៊ី ជីនពីង បានជួបគ្នាលើកចុងក្រោយបំផុតកាលពីខែវិច្ឆិកាកន្លងទៅ នៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចរបស់លោក Lee ផងដែរនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់មេដឹកនាំកូរ៉េខាងត្បូងទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ២០១៩។

តាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ និងពិធីលាងសាយភោជន៍ថ្នាក់រដ្ឋជាមួយលោក ស៊ី ជីនពីង នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ។ អ្នកនាំពាក្យម្នាក់របស់កូរ៉េខាងត្បូងក៏បានឱ្យដឹងដែរថាមេដឹកនាំទាំង២នឹងធ្វើការជាមួយគ្នា ដើម្បីស្ដារឡើងវិញ យ៉ាងពេញលេញនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការវិនិយោគ សេដ្ឋកិច្ចឌីជីថល ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបរិស្ថាន។

សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូងស្គាល់ភាពរកាំរកូសចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីទីក្រុងសេអ៊ូលយល់ព្រមដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ផលិតដោយសហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន។ កូរ៉េខាងត្បូងបានអះអាងថាការដាក់ពង្រាយខែលប្រឆាំងនេះមានគោលដៅទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង តែចិនបារម្ភថារ៉ាដារបស់ THAAD អាចតាមដានសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ ហើយជាការឆ្លើយតប ប៉េកាំងបានចាត់វិធានការសងសឹកផ្នែកសេដ្ឋកិច្ច ក្នុងនោះរួមមាន ការរឹតត្បិតលើការរកស៊ីជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង និងហាមឃាត់ការធ្វើដំណើរកម្សាន្តជាក្រុមរបស់ភ្ញៀវទេសចរចិនទៅកាន់កូរ៉េខាងត្បូងជាដើម៕ (ប្រភព៖ AFP)



 

Powered by Blogger.