អគ្គលេខាធិការ NATO ព្រមានក្រុមសម្ព័ន្ធមិត្តថា ពួកគេគឺជាគោលដៅបន្ទាប់របស់រុស្ស៉ី
បែរឡាំង៖ អគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ បានទទូចឱ្យសម្ព័ន្ធមិត្តក្នុងបក្សសម្ព័ន្ធយោធានេះ បង្កើនកិច្ចប្រឹងប្រែងការពារជាតិ ដើម្បីទប់ស្កាត់សង្រ្គាមជាមួយរុស្ស៉ី ដែលបើផ្ទុះឡើង គឺអាចនឹងមានទំហំធំដូចកាលពីសម័យសង្រ្គាមលោកយ៉ាងដូច្នោះ។
ក្នុងសុន្ទរកថាមួយនៅទីក្រុងបែរឡាំង
លោក Rutte
បាននិយាយថា សម្ព័ន្ធមិត្តដូចជាច្រើនពេកហើយ
នៅក្នុងបក្សសម្ព័ន្ធយោធានេះ ដែលហាក់មើលស្រាលការគំរាមកំហែងរបស់រុស្ស៉ី
ហើយពួកគេចាំបាច់ត្រូវបង្កើនឱ្យឆាប់រហ័ស នូវការចំណាយលើវិស័យការពារជាតិ
និងការផលិតសព្វវុធ ដើម្បីទប់ស្កាត់កុំឱ្យផ្ទុះសង្រ្គាមមួយ ដែលអាចនឹងមានទំហំធំ ដូចដែលអ្នកជំនាន់មុន
ធ្លាប់បានឆ្លងកាត់។
លោក Rutte បាននិយាយយ៉ាងដូច្នេះថា «យើងគឺជាគោលដៅបន្ទាប់របស់រុស្ស៉ី។ ខ្ញុំព្រួយបារម្ភថា មានសមាជិកច្រើនពេកហើយ ដែលហាក់គ្មានការខ្វល់ខ្វាយអ្វីសោះ ដែលហាក់គិតថាគ្មានភាពចាំបាច់ និងដែលជឿថា ពេលវេលាឈរនៅខាងយើង។ វាពុំដូច្នោះទេ។ ពេលដែលត្រូវធ្វើសកម្មភាព គឺពេលនេះតែម្តង»។ លោក Rutte បានសង្កត់ធ្ងន់ថា «ជម្លោះកំពុងស្ថិតនៅមាត់ទ្វារផ្ទះរបស់យើង។ រុស្ស៉ីបាននាំសង្រ្គាមត្រឡប់មកកាន់អឺរ៉ុបវិញ។ ដូច្នេះពួកយើងត្រូវតែត្រៀមលក្ខណៈ»។ បើតាមលោកអគ្គលេខាធិការ NATO រុស្ស៉ីអាចត្រៀមខ្លួនរួចរាល់ ដើម្បីប្រើប្រាស់កម្លាំងយោធាប្រឆាំង NATO ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕ (Reuters)

Post a Comment