រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវ​នាវ​ឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ និង​ត្រឡប់​ទៅការ​សន្ទនាវិញ

បរទេស៖ លោកជំទាវ Seema Malhotra រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាសមាជិកសភានៃចក្រភពអង់គ្លេស ជំរុញឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងត្រឡប់ ទៅការសន្ទនាវិញ។ នេះបើយោងតាមគណនីបណ្តាញសង្គម X របស់ លោកជំទាវ ផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ បន្ទាប់ ពីមាន សេចក្តីរាយ ការណ៍ពីការប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកនាដកម្ម រួមទាំងជនស៊ីវិល។
ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំឱ្យជនជាតិអង់​គ្លេសគួរតែ បន្ត​អនុវត្តតាម​ការណែនាំ​អំពីការ​ធ្វើដំណើរ​ទៅកាន់​តំបន់​ហានិ​ភ័យ​។
សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បី​ឈ្លានពាន​បូរណ​ភាព​ទឹក​ដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែល​បណ្តាល​ឱ្យជន​ស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រម​ទាំងជន​ភៀស​សឹករាប់​ម៉ឺន​នាក់​បាន​ភៀសខ្លួន ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារ​អធិ​បតេយ្យភាពជាតិ តបតទៅវិញ៕










Powered by Blogger.