ក្រសួងការពារជាតិ៖ យោធាថៃ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនពលរដ្ឋស៊ីវិលយ៉ាងកំរោល នៅឃុំថ្មដា ស្រុកវាលវែង
ភ្នំពេញ៖ ក្រសួងការពារជាតិ បានបង្ហាញស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖
នៅថ្ងៃទី៩
ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ
និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម
បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា
ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌
ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់
និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ
ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់លោក ដូណាល់
ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕

Post a Comment