ឯកឧត្ដម ម៉ៅ ធនិន ចុះពិនិត្យការងារកែលម្អឆ្នេរថ្មី និងណែនាំឲ្យរៀបចំទីតាំងថតរូបទេសភាពភ្នំបូកគោ ដ៏ទាក់ទាញចំនួន២កន្លែង

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នៅថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ ឆ្នេរថ្មី (ចន្លោះស្ពានឥន្ទធនូ និងស្ពានថ្ម) ក្នុងក្រុងកំពត។

​ការចុះពិនិត្យនេះ គឺដើម្បីពិនិត្យលើការងារលើកកម្ពស់សោភ័ណភាពក្រុង និងផ្តល់ភាពទាក់ទាញបន្ថែមទៀតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តកំពត។ ទន្ទឹមនឹងការងារកែលម្អឆ្នេរថ្មីនេះ ឯកឧត្ដមអភិបាលខេត្តក៏បានណែនាំឱ្យក្រុមការងាររៀបចំបន្ថែម ទីតាំងថតរូបដ៏មានសក្តានុពលចំនួន ០២ កន្លែង ទៀត ដែលអាចផ្តិតយករូបភាពទេសភាព ភ្នំបូកគោ យ៉ាងស្រស់ស្អាតបំផុត ដោយទីតាំងថតរូបទី១៖ នៅបរិវេណឆ្នេរថ្មីផ្ទាល់តែម្តង និងទីតាំងថតរូបទី២៖ នៅបរិវេណព្រែកកំពត ទល់មុខហាងកាហ្វេប្រោន (Brown Coffee)

​សូមជម្រាបថា ការរៀបចំបន្ថែមនូវទីតាំងថតរូបដ៏ពិសេសទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍របស់ខេត្តកំពត តាមរយៈរូបភាពស្រស់ស្អាតដែលភ្ញៀវទេសចរបានផ្តិតយក៕






Powered by Blogger.