សហរដ្ឋអាមេរិក ប្រកាសបញ្ឈប់ទទួលយកពាក្យសុំអន្តោប្រវេសន៍ពីប្រទេសចំនួន១៩
វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២ ខែធ្នូ បានប្រកាសពីការបញ្ឈប់ទទួលយករាល់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ក្នុងនោះរួមមាន ទាំងប័ណ្ណបៃតង និងនីតិវិធីសុំចូលសញ្ជាតិអាមេរិកដែលស្នើដោយជនអន្តោប្រវេសន៍មកពីប្រទេសចំនួន១៩ ដោយសារតែការព្រួយបារម្ភជុំវិញសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។
ការឈប់ទទួលយកពាក្យសុំទិដ្ឋាការនឹងត្រូវអនុវត្តលើជនអន្តោប្រវេសន៍មកពី១៩ប្រទេសដែលជាប់បម្រាមធ្វើដំណើរមួយផ្នែករួចទៅហើយកាលពីខែមិថុនា
ជាមួយការបន្ថែមការរឹតបន្តឹង លើអន្តោប្រវេសន៍ ជាកម្មវិធីនយោបាយស្នូលមួយរបស់លោក
ដូណាល់ ត្រាំ។ ការសម្រេចចិត្តបែបនេះរបស់រដ្ឋបាលលោក ត្រាំ
ធ្វើឡើងបន្ទាប់ពីបុរសជាជនជាតិអាហ្វហ្កានីស្ថានម្នាក់
បានវាយប្រហារលើសមាជិកកងឆ្មាំជាតិអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន
ដោយបណ្ដាលឱ្យសមាជិកឆ្មាំជាតិម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់
ក្នុងការបាញ់ប្រហារនោះ។ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។
លោក ត្រាំ
ក៏បានដំឡើងសំឡេងប្រឆាំងប្រជាជនសូម៉ាលីផងដែរកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ
ដោយហៅពួកគេថាជាសំរាម និងនិយាយថាយើងមិនចង់ឱ្យពួកគេចូលមកក្នុងប្រទេសរបស់ យើងឡើយ។
បញ្ជីឈ្មោះប្រទេសដែលជាប់បម្រាមក្នុងនោះរួមមាន៖
អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី
អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន
ហើយដែលប្រទេសទាំងនេះបានស្ថិតក្រោមការរឹតត្បិតអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរួចទៅហើយកាលពីខែមិថុនា
ក្នុងនោះរួមមានទាំងការហាមឃាត់ទាំងស្រុងមិនឱ្យចូលទៅ
កាន់សហរដ្ឋអាមេរិកជាមួយករណីលើកលែងតិចតួចបំផុត។ ចំណែក
ប្រទេសផ្សេងទៀតក្នុងចំណោមប្រទេសទាំង១៩
ដែលស្ថិតក្រោមការរឹតត្បិតមួយផ្នែកកាលពីខែមិថុនា រួមមាន៖ ប៊ូរុនឌី គុយបា ឡាវ
សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡា៕ (Reuters)

Post a Comment