រដ្ឋបាលខេត្តកំពតជំរុញការស្ថាបនា «វិថីអាហារ និងសួនច្បារ» ដើម្បីបង្កើនសោភ័ណភាព និងទាក់ទាញទេសចរ

 អត្ថបទ៖ ទ្រី ហៀន

ខេត្ត​កំពត៖ រដ្ឋបាលខេត្តកំពតបានបន្តជំរុញយ៉ាងសស្រាក់សស្រាំលើការស្ថាបនាគម្រោងអាទិភាព «វិថីអាហារ និងសួនច្បារ» ក្នុងក្រុងកំពត ដែលលាតសន្ធឹងចាប់ពីតំបន់ ផ្សារក្រណាត់ រហូតដល់ សួនដើមពោធិ៍បេនឡានខេត្ត។ គម្រោងនេះមានគោលដៅសំខាន់ក្នុងការរៀបចំកែលម្អសោភ័ណភាពទីក្រុង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត។

ការដ្ឋានស្ថាបនា «វិថីអាហារ និងសួនច្បារ» នេះត្រូវបានបើកដំណើរការតាំងពីអំឡុងខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ​វិថីអាហារនេះត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីជាតិ។

​គោលបំណងគឺធ្វើយ៉ាងណាឱ្យតំបន់នេះក្លាយជាកន្លែងកម្សាន្ត និងលក់ដូរដែលមានសោភ័ណភាពស្អាត មានអនាម័យ និងគុណភាពអាហារល្អ ព្រមទាំងមានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរ។

​យោងតាមការចុះពិនិត្យរបស់ថ្នាក់ដឹកនាំខេត្តកន្លងមក គម្រោងនេះកំពុងដំណើរការជាបន្តបន្ទាប់ ហើយឯកឧត្ដមអភិបាលខេត្តបានជំរុញឲ្យពន្លឿនការសាងសង់ឲ្យរួចរាល់ មុនថ្ងៃបុណ្យឆ្លងឆ្នាំសកលខាងមុខ។ ក្រៅពីការរៀបចំវិថីអាហារ អាជ្ញាធរខេត្តក៏បានបន្តពិនិត្យទីតាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា៖ ឆ្នេរថ្មី ចន្លោះស្ពានថ្មថ្មី និងស្ពានឥន្ទធនូ ដែលមានរៀបចំក្រាលកៅស៊ូ AC មានចំណត និងក្រាលថ្មម៉ាប និង​គម្រោងពង្រីកសួនច្បារថ្មី តាមដងព្រែកកំពង់បាយ ដើម្បីបង្កើនសម្រស់ក្រុងបន្ថែមទៀត។

​សូមជម្រាបថា ការខិតខំប្រឹងប្រែងនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរក្សាបានតំណែងជាទីក្រុងទេសចរណ៍ស្អាតអាស៊ានបន្តទៀត៕






Powered by Blogger.