តួកគីយ៉េអំពាវនាវឱ្យរុស្ស៉ីនិងអ៊ុយក្រែន កុំយកហេដ្ឋារចនាសម្ព័ន្ធថាមពល មកពាក់ព័ន្ធជាមួយសង្រ្គាម
អង់ការ៉ា៖ តួកគីយ៉េ អំពាវនាវដល់រុស្ស៉ីនិងអ៊ុយក្រែន ព្រមទាំងភាគីទាំងអស់ផ្សេងទៀត កុំឱ្យយកហេដ្ឋារចនាសម្ព័ន្ធថាមពល មកពាក់ព័ន្ធជាមួយសង្រ្គាមរបស់ពួកគេ ហើយទីក្រុងអង់ការ៉ា ចង់ឱ្យការផ្គត់ផ្គង់ថាមពលមានលំហូរដោយឥតរាំងស្ទះ ខណៈការអំពាវនាបនេះធ្វើឡើង បន្ទាប់ពីមានករណីវាយប្រហារជាបន្តបន្ទាប់ នៅក្បែរឆ្នេរសមុទ្រខ្មៅរបស់ខ្លួន។
អ៊ុយក្រែន
ដែលកំពុងកំណត់គោលដៅលើការនាំចេញប្រេងរបស់រុស្ស៉ី ស្របពេលដែលទីក្រុងមូស្គូ
វាយប្រហារយ៉ាងចាស់ដៃទៅលើបណ្តាញថាមពលរបស់ខ្លួន បានប្រកាសចេញមុខទទួលខុសត្រូវ
ចំពោះការវាយប្រហារមួយដោយប្រើដ្រូនរត់តាមផ្លូវទឹក ប្រឆាំងកប៉ាល់ដឹកប្រេង២គ្រឿង
ដែលសំដៅឆ្ពោះទៅកំពង់ផែរុស្ស៉ីកាលពីសប្តាហ៍មុន។ ប៉ុន្តែទីក្រុងកៀវ
បានបដិសេធការជាប់ពាក់ព័ន្ធ ក្នុងឧប្បត្តិហេតុមួយផ្សេងទៀតកាលពីថ្ងៃអង្គារសប្តាហ៍នេះ
ដែលកប៉ាល់ដឹកប្រេង១គ្រឿង ដោតទង់ជាតិរុស្ស៉ី បានអះអាងថា
ស្ថិតក្រោមការវាយប្រហារដោយដ្រូន។
ក្នុងការអត្ថាធិប្បាយមួយកាលពីថ្ងៃពុធ
រដ្ឋមន្រ្តីក្រសួងថាមពលរបស់តួកគីយ៉េ លោក Alparslan Bayraktar បានលើកឡើងថា «សង្ឃឹមថា សង្រ្គាមដ៏អាក្រក់នេះនឹងចប់
ប៉ុន្តែនៅពេលនេះ យើងអំពាវនាវដល់ភាគីទាំងអស់ រួមទាំងរុស្ស៉ីនិងអ៊ុយក្រែន
ចូរនាំគ្នាទុកហេដ្ឋារចនាសម្ព័ន្ធថាមពល នៅឱ្យឆ្ងាយពីសង្រ្គាមនេះ។
យើងត្រូវការរក្សាលំហូរថាមពលដោយមិនមានការរាំងស្ទះ។» ដោយលោក Bayraktar
បានបន្ថែមថា ច្រកផ្គត់ផ្គង់ថាមពលដូចជា បណ្តាញបំពង់បង្ហូរប្រេង Caspian
Pipeline Consortium ជាដើម គួរតែត្រូវបានរក្សាឱ្យមានសុវត្ថិភាព។
ទីក្រុងអង់ការ៉ា
ដែលជាសមាជិក NATO បានរក្សាទំនាក់ទំនងល្អទាំងជាមួយទីក្រុងកៀវ
និងជាមួយទីក្រុងមូស្គូ ប៉ុន្តែបាននិយាយថា
ការវាយប្រហារលើកប៉ាល់ជាប់ពាក់ព័ន្ធជាមួយរុស្ស៉ី នៅក្បែរឆ្នេរតួកគីយ៉េ
គឺជារឿងមិនអាចទទួលយកបានឡើយ ហើយបានព្រមានទៅភាគីទាំងពីរ និងបានលើកឡើងអំពីបញ្ហានេះ
អំឡុងកិច្ចប្រជុំ NATO កាលពីថ្ងៃពុធ។
ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងកៀវ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន
បានគំរាមកាត់ផ្តាច់ច្រកផ្លូវសមុទ្ររបស់អ៊ុយក្រែន ហើយបានព្រមានថា
រុស្ស៉ីនឹងបង្កើនការវាយប្រហារកាន់តែខ្លាំង លើទីតាំងថាមពលនិងកប៉ាល់របស់អ៊ុយក្រែន។
សូមជម្រាបថា
ការវាយប្រហាររបស់រុស្ស៉ីនិងអ៊ុយក្រែន
បានធ្វើឱ្យថ្លៃធានារ៉ាប់រ៉ងនៃការដឹកជញ្ជូនតាមកប៉ាល់ នៅតំបន់សមុទ្រខ្មៅ កើនឡើងខ្ពស់
ហើយជំរុញឱ្យក្រុមហ៊ុនតួកគីយ៉េមួយចំនួន
ផ្អាកធ្វើប្រតិបត្តិការដែលពាក់ព័ន្ធជាមួយរុស្ស៉ី ដោយសារតែក្តីបារម្ភអំពីសន្តិសុខ៕ (Reuters)

Post a Comment