ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា, កម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនតបតឡើយ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅគ្រប់សមរភូមិទាំងអស់តាមបន្ទាត់ព្រំដែន ដោយប្រើទាំងយន្ដហោះ ចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនបានបាញ់តបតទៅវិញនោះឡើយ។
នៅថ្ងៃទី៨
ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា
ចាប់ពីវេលាម៉ោងប្រមាណ០៥៖០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង
នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក
នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ
ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្លាំងកងទ័ពកម្ពុជាវេលាម៉ោង២៖១៥នាទីរសៀល
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង៖
១៖
ម៉ោង០៤៖០០នាទី រថយន្តធន់ធំចំនួន២គ្រឿងរបស់យោធាថៃ ដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើង
ចូលមកខាងមុខតំបន់អានសេះ
២៖ ម៉ោង០៥៖០៤នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ
មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន២០-២៥គ្រាប់។
៣៖ ម៉ោង០៥៖១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ
មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣០-៣៨គ្រាប់។
៤៖ ម៉ោង០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ
មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន១០០-១២០គ្រាប់។
៥៖ ម៉ោង០៥៖ ៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ
ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ
តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
៦៖ ម៉ោង០៦៖១៣នាទី
យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន៣គ្រាប់។
៧៖ ម៉ោង០៦៖ ២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់
ចំនួន៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា
នៅតំបន់អានសេះ។
៨៖ ម៉ោង០៦៖ ៥១នាទី
យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។
៩៖ ម៉ោង០៧៖ ៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី
អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី
ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ
កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។
១០៖ ម៉ោង០៨៖១០នាទី
យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។
១១៖ ម៉ោង០៨៖១៤នាទី
យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។
១២៖ ម៉ោង០៨៖៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង
បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន
មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។
១៣៖ ម៉ោង០៩៖០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា
ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១៤៖ ម៉ោង០៩៖៣០នាទី
យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់
ដោយយោធាថៃបានប្រើកាំភ្លើង១២,៧
រួមទាំងរថក្រោះបាញ់បុកបន្ថែម។
១៥៖ ម៉ោង១០៖០០នាទី
យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់
កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ។
គិតមកត្រឹមម៉ោង១១៖០០នាទីនេះ
យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។
កងកម្លាំងកម្ពុជា
បាននិងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមគូសបញ្ជាក់ផងដែរថា
ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ
ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ
ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ
និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា
ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស
ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះទៅទៀត
ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន
និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់
ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ
អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។
នៅក្នុងហេតុការណ៍ខាងលើ
កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព
និងការអនុវត្តបទឈប់បាញ់
និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង
គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ
រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕


Post a Comment