ពលរដ្ឋជាជនភៀសសឹកចំនួន ៣.៦០០គ្រួសារនៅខេត្តឧត្តរមានជ័យ ទទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី តាមរយៈកាកបាទក្រហមកម្ពុជា

ឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារនាំយកព្រះរាជអំណោយរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចំនួន ៣.៦០០ គ្រួសារ នៅឯមណ្ឌលសុវត្ថិភាពចំនួនពីរកន្លែងក្នុងខេត្តឧត្តរមានជ័យ។

ចំពោះ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកក្នុងមួយគ្រួសារទទួលបាន÷អង្គចំនួន ២៥គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង, ទឹកសុីអ៊ីវ៦ដប, ឃីត១កញ្ចប់ មានដូចជា (ភួយ មុង សារុង និងក្រមា)។

នៅក្នុងឪកាសចុះជួបសួរសុខទុក្ខនេះដែរ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន័បញ្ជាក់ថា÷ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមចំនួន ១០មុឺនដុល្លារពី សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ ដើម្បីនាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនជនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ ពុំ ចន្ទីនី ក៏បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើទោះបីជាព្រះអង្គទាំងទ្វេមិនបានយាងមកដោយផ្ទាល់ក៏ដោយ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍បន្ថែមថា ព្រះអង្គទាំងទ្វេតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមវីរៈគំរូដ៏ថ្លៃថ្លារបស់ សម្តេចព្រះបរមរតនកោដ្ឋ តែងតែធ្វើជារៀងដរាបមក ដែលនេះសរបញ្ជាក់អំពីគុណធម៌ និងទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមរបស់ អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ របស់យើង។

លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏មិនភ្លេចពាំនាំនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ព្រោះថាពេលនេះបងប្អូនទាំងអស់បានមកដល់ទីកន្លែងមានសុវត្ថិភាពហើយ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំរបស់យើងតែងតែគិតគូរជាប់ជានិច្ច និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕


















Powered by Blogger.