ក្រសួងការពារជាតិ៖ យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះថា បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។
ក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា
ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ
ល្មោភសង្គ្រាម របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា
ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ
ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ
ក្នុងចេតនាញុះញង់ជាមួយគ្នានេះខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់
ទាំងក្នុងបណ្តាញផ្លូវការនិងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់
មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ
និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
នៅក្នុងហេតុការណ៍ខាងលើ
កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព
និងការអនុវត្តបទឈប់បាញ់
និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង
គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ
រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕

Post a Comment