បេសកជនលោក ត្រាំ ត្រៀមជួបលោក ពូទីន នៅមូស្គូ ដើម្បីពិភាក្សាបញ្ចប់សង្គ្រាម

មូស្គូ៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ស្ទីវ វីតកុហ្វ និងកូនប្រសាលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ នឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីមធ្យោបាយបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនៅអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅហ្សឺណែវ បានបង្កើត «ក្របខណ្ឌសន្តិភាពដែលបានកែសម្រួល» ដែលលោក ពូទីន ធ្លាប់បានលើកឡើងថា អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង។

ស្ថានការណ៍នៅសមរភូមិនៅតែតានតឹង ខណៈដែលមេបញ្ជាការយោធារុស្ស៊ីបានរាយការណ៍ប្រាប់លោក ពូទីន កាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Pokrovsk និង Vovchansk។ បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនជាង ១៩% ហើយកំពុងរុលទៅមុខក្នុងល្បឿនលឿនបំផុត។

មន្ត្រីអាមេរិកប៉ាន់ប្រមាណថា មនុស្សជាង ១.២លាននាក់បានស្លាប់ ឬរបួសនៅក្នុងសង្គ្រាមនេះ។ លោក ពូទីន បានព្រមានថា ប្រសិនបើអ៊ុយក្រែនបដិសេធកិច្ចព្រមព្រៀង កងកម្លាំងរុស្ស៊ីនឹងបន្តរុលទៅមុខទៀត៕ (AFP)



 

Powered by Blogger.