អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា ពុំបានបង្ហោះយានគ្មានមនុស្សបើកជាង ២៥០គ្រឿង ចូលរំលោភដែនអធិបតេយ្យរបស់ថៃទេ
ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា «ខ្លួនរកឃើញយានគ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ»។
ក្រសួងការពារជាតិកម្ពុជា
សូមច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។
រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ
និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧
ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស
និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព
និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា
ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ
ពង្រឹងនិងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត
និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕

Post a Comment