ប្រមុខការទូតកម្ពុជា-ថៃ និងចិន ជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែន
ភ្នំពេញ៖ ក្រោមការសម្របសម្រួលរបស់ភាគីចិន,ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេសថៃ និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន។
កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា
និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ
ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព
សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។
នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
នៅមុនកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា
ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី
ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន
ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់
និងពិភពលោកទាំងមូលផងដែរ។
កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីចិន
ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា
និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក
និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។
កម្ពុជាក៏បានបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់
និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត
ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន
ធ្វើឡើងខណៈដែលកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង
១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ តាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ
ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល៧២ម៉ោង
ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ៕

Post a Comment