ត្រាំ អន់ចិត្តតិចតួចដែលលោក ហ្សេលេនស្គី មិនអានសំណើផែនការសន្តិភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែធ្នូ បាននិយាយថាលោកមានអារម្មណ៍ខកចិត្តតិចតួចចំពោះលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលមិនបានអានសំណើនៃផែនការសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ
បានគូសបញ្ជាក់ដូច្នេះថា «យើងបាននិយាយទៅកាន់លោកប្រធានាធិបតី
ពូទីន ហើយយើងក៏បាននិយាយទៅកាន់មេដឹកនាំអ៊ុយក្រែន ក្នុងនោះរួមមានលោក
ហ្សេលេនស្គី...ខ្ញុំសូមនិយាយថាខ្ញុំមានការខកចិត្តបន្តិចបន្តួចដែលលោកប្រធានាធិបតី
ហ្សេលេនស្គីមិនទាន់បានអានសំណើ (នៃផែនការសន្តិភាព)»។
សូមជម្រាបថា កិច្ចចរចាជាច្រើនថ្ងៃមកនេះរវាងក្រុមមន្ត្រីអាមេរិក
និងអ៊ុយក្រែន ក្នុងនោះរួមមានទាំងការចូលរួមពីលោក ហ្សេលេនស្គី
បានបិទបញ្ចប់ទៅកាលពីថ្ងៃទី៦ ខែធ្នូ ដោយមិនទាន់សម្រេចបានលទ្ធផលធំដុំអ្វីឡើយ
បើទោះជាលោក
ហ្សេលេនស្គីបានប្ដេជ្ញាចិត្តចំពោះកិច្ចចរចាឆ្ពោះទៅរកសន្តិភាពពិតប្រាកដមួយ។
កិច្ចចរចានេះកើតមានឡើងបន្ទាប់ពី បេសកជនពិសេសអាមេរិក លោក Steve
Witkoff និងកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner បានជួបលោក ពូទីន នៅឯវិមានក្រឹមឡាំង ជាទីដែលមូស្គូ
បានច្រានចោលផ្នែកខ្លះនៃសំណើរបស់សហរដ្ឋអាមេរិក។
ផែនការសន្តិភាពអ៊ុយក្រែនរបស់សហរដ្ឋអាមេរិកត្រូវបានព្រាងជាច្រើនលើកច្រើនសារ
ចាប់តាំងពីលេចចេញជារូបរាងដំបូងកាលពីខែវិច្ឆិកាកន្លងទៅ និងរងការរិះគន់ថាលម្អៀងទៅខាង
រុស្ស៉ី ដែលបានបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕ (AFP)

Post a Comment