សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤
-០៤ ធ្នូ ២០២៥) ដែល «ក្រមាខ្មែរ» ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង
បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage of
Humanity)។
ការចុះបញ្ជីជាប្រវត្តិសាស្ត្រនេះ
បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣
របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ក្រមាខ្មែរ
មិនត្រឹមតែជាកន្សែងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល
រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជា និមិត្តរូបនៃវប្បធម៌ និងអត្តសញ្ញាណជាតិ
ដ៏រឹងមាំរបស់កម្ពុជា។ វាមានវត្តមានស្ទើរគ្រប់កាលៈទេសៈ
ទាំងការងារប្រចាំថ្ងៃនៅតាមជនបទ ពិធីបុណ្យជាតិ សាសនា រហូតដល់ជាចំណងដៃដ៏មានតម្លៃ។
ប្រជាជនកម្ពុជាគ្រប់រូប មានកាតព្វកិច្ចរួម
ក្នុងការបន្តថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃនៃសិល្បៈតម្បាញ
និងការប្រើប្រាស់ក្រមាខ្មែរនេះ ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ៕


Post a Comment