ក្រសួងការពារជាតិ បដិសេធ ចំពោះការផ្សាយ របស់សារព័ត៌មានថៃ ដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ តាមព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនៅលើផេកផ្លូវការកងទ័ពនិងបណ្តាញសារព័ត៌មានថៃមួយចំនួនថា «កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់»។
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា
នេះជាព័ត៌មានមិនពិតឡើយ ខណៈដែលកងទ័ពកម្ពុជាមិនបានតបតទេ
ពេលដែលយោធាថៃបើកការវាយប្រហារ២ថ្ងៃមកនេះ។
តាមបណ្តាញសង្គម លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី
សុជាតា បានលើកឡើងថា «ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ
និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាបើកការបាញ់មុន
និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត
កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក»។
គួររំលឹកថា រយៈពេល២ថ្ងៃមកហើយ យោធាថៃ
បានបើកការវាយប្រហារមកលើកម្ពុជា ដោយម្សិលមិញកងទ័ពថៃ បានវាយប្រហារនៅទីតាំងព្រលានថ្ម
ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅព្រឹកមិញនេះ ចាប់តាំងពីវេលាម៉ោងប្រមាណ
០៥:០៤នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ
ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ
ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅចំណុច៥មករា
និងនៅចំការចេក។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
បានចាត់ទុកថា សកម្មភាព
នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ
ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ក្រសួងការពារជាតិ បានអះអាងទៀតថា
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា
និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ
នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ
និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ
កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT)
អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព
យុត្តិធម៌ និងភាពត្រឹមត្រូវផងដែរ៕

Post a Comment