ភាគីថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយបានប្រើប្រាស់កម្លាំងយោធា និងការប្រើប្រាស់សព្វាវុធធន់ធ្ងន់ ព្រមទាំងបានដាក់ពង្រាយទាហានច្រើនលើសលប់

ភ្នំពេញ÷ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះថា ភាគីថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយបានប្រើកម្លាំងយោធា និងសព្វាវុធធន់ធ្ងន់ ព្រមទាំងបានដាក់ពង្រាយទាហានច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។

លោកជំទាវអ្នកពាក្យបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងទី៥ ដែលជាការរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី«កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ» ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

លោកជំទាវ ម៉ាលី សុជាតា បន្ថែមថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានធ្វើសកម្មភាព និងបើកការបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ដែលចាប់ផ្តើមការបាញ់ប្រហារនៅវេលាម៉ោង ០៤:៤០នាទី នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា ខណៈដែលពួកគេក៏បានបើកការបាញ់ប្រហារផងដែរមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕



Powered by Blogger.