ក្រសួងការពារជាតិ បានបញ្ជាក់ថា គិតដល់ពេលនេះ សកម្មភាពឈ្លានពានរបស់ថៃ បង្កឱ្យជនស៊ីវិលស្លូតត្រង់១០នាក់ (ទារក១នាក់) បាត់បង់ជីវិត និងរងរបួស៦០នាក់
ភ្នំពេញ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់១០នាក់ ក្នុងនោះក៏មានទារក១នាក់ផងដែរ និងរងរបួសជនស្លូតត្រង់ចំនួន៦០ នាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ
កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់
ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព
និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ
ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់
ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា
និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់
សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព
និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់
និងដោយសុច្ឆន្ទៈពិតប្រាកដ៕

Post a Comment