ក្មេងប្រុសរងគ្រោះដោយសារភ្លើងឆេះ ត្រូវបានឯកឧត្តម ស សុខា ជួយអន្តរាគមន៍ទទួលការព្យាបាល
អត្ថបទ៖ ទ្រី ហៀន
ភ្នំពេញ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំដោយស្នងការនគរបាលខេត្តកំពត បាននាំក្មេងប្រុសម្នាក់ដែលទទួលរងរបួសដោយសារការរលាកភ្លើងយ៉ាងធ្ងន់ធ្ងរលើរាងកាយ និងផ្ទៃមុខ មកជួបជាមួយក្រុមគ្រូពេទ្យជំនាញនៅ មន្ទីរពេទ្យស៊ុនយ៉ាឃៀល (Sunya Kheal Hospital) ដើម្បីពិនិត្យ និងត្រៀមលក្ខណៈសម្រាប់ការព្យាបាល។
យោងតាមព័ត៌មានដែលទទួលបាន
ក្មួយប្រុសរងគ្រោះនឹងត្រូវធ្វើការវះកាត់នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ
ដែលការព្យាបាលត្រូវបានរៀបចំឡើងដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ដំណើរការនៃការព្យាបាលទាំងមូល រួមទាំងការរៀបចំកម្មវិធីវះកាត់ ត្រូវបានរ៉ាប់រង និងរៀបចំឡើងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យស៊ុនយ៉ាឃៀល។
ប្រភពបន្តថា សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់
និងការអាណិតអាសូរដ៏ជ្រាលជ្រៅរបស់ឯកឧត្តម និងលោកជំទាវ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ
ជាពិសេសចំពោះក្រុមគ្រួសារ និងក្មួយប្រុសរងគ្រោះ។ ក្រុមការងារដែលបានជួបផ្ទាល់ជាមួយក្មួយប្រុស
បានសម្តែងការអាណិតអាសូរយ៉ាងខ្លាំងចំពោះស្ថានភាពរបួសរបស់ក្មួយ។
សូមជម្រាបថា ការអន្តរាគមន៍ជួយសង្គ្រោះ
និងព្យាបាលនេះ គឺជាកាយវិការដ៏ថ្លៃថ្លាមួយដែលជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់ក្រុមគ្រួសារក្មួយប្រុសរងគ្រោះ
និងផ្តល់ក្តីសង្ឃឹមថ្មីមួយដល់កុមារា៕








Post a Comment