ពលរដ្ឋងាយរងគ្រោះចំនួន ២០៣គ្រួសារ នៅស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ តបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជាជនងាយរងគ្រោះបំផុត ចំនួន ២០៣គ្រួសារ នៅសាលាស្រុកកោះញែក ។
ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ។
សូមជម្រាបជូនថា អំណោយដែលទទួលបាននាថ្ងៃនេះ គឺជាការផ្តល់លើកទី២នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពី ការរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សកាលពីខែកញ្ញា បង្ករងផលប៉ះពាល់ដល់ផ្ទះសម្បែង សម្ភារៈ ប្រជាពលរដ្ឋ ចំនួន៩៥០គ្រួសារ នៅក្នុងស្រុកកែវសីមា និងស្រុកកោះញែក ។ ដោយទទួលបានការ យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ជូនដល់ ប្រជាពលរដ្ឋ ចំនួន២០៣គ្រួសារ កំពុងជួបការលំបាកជីវភាពប្រចាំថ្ងៃក្នុងស្រុកកោះញែក រួមមាន ជនចាស់ជរាគ្មានទីពឹង,ជនពិការ,កុមារកំព្រា,ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក និងជនទីទ័លក្រ ។កាយវិការទាំងនេះ គឺពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះប្រជាពលរដ្ឋក្នុងស្រុកកោះញែក និងទូទាំងខេត្តមណ្ឌលគិរីទាំងមូល ៕








Post a Comment