ADB និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» រួមគ្នាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ MSME នៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ នៅថ្ងៃទី២៦-២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ នូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
(Digital
Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)
នៅកម្ពុជា រាប់រយឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
ចន្លោះពីពេលនេះដល់ឆ្នាំ ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសទាំងនោះ។
កម្មវិធីនេះ
នឹងរួមមានវិធានការដែលចែកជាដំណាក់កាល
និងផ្តោតលើវិស័យឧស្សាហកម្មអាទិភាពមួយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជា
ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក
ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
សិក្ខាសាលាដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមនេះ
មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដើម្បីកំណត់សុពលភាព
នៃផែនទីបង្ហាញផ្លូវ សម្រាប់គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
និងបញ្ជាក់ពីការរៀបចំដំណើរការអនុវត្តន៍នានា។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា
លោកស្រី Jyotsana Varma បានថ្លែងថា «គំនិតផ្តួចផ្តើមលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
នឹងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម
ក្នុងការដាក់បញ្ចូលដំណោះស្រាយឌីជីថលទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន
ដើម្បីឱ្យសហគ្រាសទាំងនោះកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ភាពធន់
និងការត្រៀមខ្លួនសម្រាប់អនាគត។
ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ
និងសមាគមឧស្សាហកម្មជាច្រើន យើងមានគោលបំណងធានាថា
សហគ្រាសកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល»។
លោកបណ្ឌិត តាំង ងួនលី
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា «គំនិតផ្តួចផ្តើមនេះ
នឹងផ្តល់ឱ្យហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា នូវឧបករណ៍អនុវត្តជាក់ស្តែង
ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ ដោយផ្តោតលើវិស័យសំខាន់ៗ
យើងអាចតម្រង់ទឹសការប្រើប្រាស់ធនធានទៅរកផ្នែកទាំងឡាយនៃសេដ្ឋកិច្ច
ដែលដំណោះស្រាយឌីជីថល នឹងផ្តល់ផលជះធំធេងលើ សមត្ថភាពប្រកួតប្រជែង ការបង្កើតការងារ
និងសហគ្រិនភាពរបស់ស្ត្រី»៕



Post a Comment