មន្ទីរព័ត៌មានខេត្តព្រៃវែង រៀបចំពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ( Say No to FakeNews)»
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ក្នុងគោល បំណងកាត់បន្ថយឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅ ធានាសន្តិសុខព័ត៌មាន គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋ ដែលពិធីនេះស្ថិតក្រោមអធិបតី ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញអភិបាលក្រុងស្រុកទាំង១៣ មន្ទីរអង្គភាព កងកម្លាំងទាំបី សិស្សានុសិស្ស ប្រមាណជាង ៣០០ នាក់។
លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានលើកឡើងថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ សម្រាប់បញ្ជ្រាបការយល់ដឹង ឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ មន្ទីរព័ត៌មានដើរតួនាទីស្នូលក្នុងការរៀបចំ និងសម្របសម្រួលការអនុវត្តជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យយុទ្ធនាការនេះលេចចេញជារូបរាងឡើង។
លោក ប្រធានមន្ទីរព័ត៌មានបន្តថា យុទ្ធនាការនេះមានសារៈសំខាន់ ទាំងក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងព័ត៌មាននៅប្រទេសកម្ពុជា និង ក្នុងតំបន់។ យុទ្ធនាការនឹងប្រើវិធីសាស្ត្រ និងទម្រង់រៀបចំស្របតាមបរិបទនៃសង្គមឌីជីថល ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង មានប្រសាសន៍ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះផ្តល់ឱកាសនិងលើកទឹក ចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ក្នុងសង្គមចូលរួម ដើម្បីទទួលព័ត៌មាន ចំណេះដឹងបន្ថែមអំពីផលវិបាក និង គ្រោះថ្នាក់ ដែលព័ត៌មានក្លែងក្លាយបង្កឡើង។ យុទ្ធនាការនេះលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអ្នកផលិតមាតិកាលើបណ្តាញសង្គម អំពីការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយ និងបំផុសឆន្ទៈចូលរួមតាមរយៈការអនុវត្តវិធានការបង្ការ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។
លោក អភិបាលរងខេត្ត មានប្រសាសន៍បន្តថា ការបញ្ជ្រាបការយល់ដឹងឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធ ផ្សព្វផ្សាយ ជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង មានប្រសាសន៍ដែរថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាល ឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាព ក្នុងសង្គម។ គោលដៅរបស់យុទ្ធនាការគឺកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម អនុរដ្ឋលេខាធិការ បន្ថែមទៀតថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃ ព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ ទាំងអស់នេះទាមទារឱ្យ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ស្វែងយល់ដឹងឲ្យបានច្បាស់អំពីផល វិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន៕
Post a Comment