សមាជិកមួយចំនួននៃអង្គការ OPEC+ ព្រមព្រៀងជួយជំរុញផលិតកម្មប្រេង ដើម្បីបន្ធូរបន្ថយតម្លៃ

ញូវយ៉ក៖ ក្រុមប្រទេសជាសមាជិករបស់អង្គការ OPEC+ ដែលជាអ្នកនាំចេញប្រេង បានឯកភាពជំរុញផលិកម្មប្រេង ដោយពួកគេជឿថាអាចបញ្ចុះតម្លៃប្រេងឆៅ ក៏ដូចជាប្រេងឥន្ធនៈ តាមរយៈទស្សនវិស័យ​សេដ្ឋកិច្ច​សកល​ដែល​មាន​ស្ថិរភាព និង​ការណ៍ដែលមានប្រេងសម្រាប់ស្តុក​ទុក​។

សមាជិកអង្គការ OPEC+ បានជួបប្រជុំគ្នាតាមអនឡាញ កាលពីថ្ងៃអាទិត្យ ហើយបានប្រកាសថា ប្រទេសចំនួន ៨ នឹងបង្កើនផលិតកម្មប្រេងចំនួន ៥៤៧ ០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែកញ្ញា។

ជាផ្នែកមួយនៃការជំរុញនេះដែរ ប្រទេសទាំង ៨ដូចជា អារ៉ាប់ប៊ីសាអូឌីត រុស្ស៉ី អ៉ីរ៉ាក់ អេមេរ៉ាតអារ៉ាប់រួម គូវ៉ែត កាហ្សាក់ស្ថាន អាហ្សេរី និងអូម៉ង់ ក៏បានលុបចោលនូវយន្តការកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្ត ដែលដំបូងឡើយធ្វើឡើងនៅក្នុងខែវិច្ឆិកា ហើយក៏គ្រោងលុបចោលតែម្តង នៅខែកញ្ញា ឆ្នាំ ២០២៦។ ការប្រកាសនេះមានន័យថា ការកាត់បន្ថយផលិតកម្មប្រេង នឹងបញ្ចប់មុនកាលកំណត់។

រដ្ឋមន្ត្រីប្រេងរបស់គូវ៉ែត លោក Tariq Al-Roumi បានកោតសរសើរការសម្រេចចិត្តរបស់ OPEC+ ក្នុងការបង្កើនផលិតកម្មប្រេង ដោយនិយាយថា វាឆ្លុះបញ្ចាំងពីការសម្របសម្រួល ក្នុងគោលបំណងធានាស្ថិរភាពទីផ្សារប្រេង។ តាម OPEC+ ការកែសម្រួលផលិតកម្មថាអាចធ្វើឡើងជាថ្មី នៅពេលដែលលក្ខខណ្ឌទីផ្សារមានការវិវត្តន៍ថ្មី៕ (ប្រភព៖ Reuters)



 

Powered by Blogger.