សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសារនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនារសៀលថ្ងៃនេះថា
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត
ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប
ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ
និងប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ធ្វើការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)
និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human
Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែងឱ្យបានឆាប់បំផុត។
សំណេររបស់ សម្តេចធិបតីហ៊ុន ម៉ាណែត
បានបញ្ជាក់យ៉ាងដូច្នេះថា៖
ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់៖
ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា
ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប
ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា
ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ
ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។
ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ
មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ
និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។
រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា
ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ
ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។
ទន្ទឹមនេះ
រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការ
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
(AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National
Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង
និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត៕
Post a Comment