កូរ៉េខាងត្បូង ចាប់ផ្ដើមដកឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង ចេញពីបណ្ដោយព្រំដែន

សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៤ ខែសីហា បានចាប់ផ្ដើមដកឧបករណ៍បំពងសំឡេង ដែលត្រូវបានដាក់ពង្រាយដើម្បីរិះគន់ប្រឆាំងកូរ៉េខាងជើងតាមរបៀបសង្រ្គាមចិត្តសាស្ត្រ ចេញពីបណ្ដោយព្រំដែន ខណៈរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Lee Jae Myung កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។

ភ្លាមៗក្រោយឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែមិថុនាកន្លងទៅ រដ្ឋបាលរបស់លោក Lee Jae Myung បានបិទឧបករណ៍បំពងសំឡេងដែលត្រូវបានដំឡើង នៅតាម បណ្ដោយព្រំដែនទុករិះគន់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ក្នុងពេលកំពុងប្រឹងប្រែងស្ដារកិច្ចសន្ទនាដែលកំពុងជាប់គាំងជាមួយកូរ៉េខាងជើងឡើងវិញ។ ក៏ប៉ុន្តែ ថ្មីៗនេះកូរ៉េខាងជើង​ បានច្រានចោលសំណើផ្សះផ្សា ហើយនិយាយថាខ្លួនមិនចាប់អារម្មណ៍នឹងកិច្ចចរចាជាមួយកូរ៉េខាងត្បូងនោះទេ។

សូមជម្រាបថា កូរ៉េទាំង២ នៅតែបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមមកទល់សព្វថ្ងៃ ក្រោយសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបិទបញ្ចប់ទៅដោយបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនជា សន្ធិសញ្ញាសន្តិភាពនោះឡើយ។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង ការដកចេញនូវឧបករណ៍បំពងសំឡេងនៅតាមបណ្ដោយព្រំដែននៅថ្ងៃចន្ទនេះ គឺជាការអនុវត្តជាក់ស្ដែងសំដៅ បន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង៕ (ប្រភព៖ Reuters)



 

Powered by Blogger.