៧ខែឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើង១៦.៥%
ភ្នំពេញ៖ តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា រយៈពេល៧ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេបានជាង៣៦ពាន់លានដុល្លារ កើនឡើង១៦.៥% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង៣១ពាន់លានដុល្លារ។
របាយការណ៍
បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញ
ក្នុងតម្លៃជាង១៧ពាន់លានដុល្លារ កើនឡើង១៦.២%។ ចំណែកការនាំចូលទំនិញមកវិញ
មានតម្លៃជាង១៩ពាន់លានដុល្លារ កើនឡើង១៦.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេ
របស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១១ពាន់លានដុល្លារ
ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ៨៨៨លានដុល្លារ ស្របពេលដែលចិននាំចូលមកកម្ពុជាវិញ
មានតម្លៃជាង១០លានដុល្លារ។
ចំណែកសហរដ្ឋអាមេរិក
ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជិត ៧ពាន់លានដុល្លារ
កើនឡើង២៥.៨% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃជិត៧ពាន់លានដុល្លារ
និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង២០១លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ហំពាណិជ្ជកម្មដែលកម្ពុជា
បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ
ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕


Post a Comment