បណ្ឌិត គុណ ញឹម ប្រគល់អំណោយ របស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ២
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥, បានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជា សម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ឯកឧត្ដមបណ្ឌិត គុណ
ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ដែល
កំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានមោះមុតការពារបូរណភាពទឹកដី
ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា
ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត ។
អំណោយនិងថវិកាដ៏ថ្លៃថ្លារបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ជូនដល់កងពលធំអន្ដរាគមន៍លេខ ២ រួមមាន៖ ម៉ូតូ Honda Wave ឆ្នាំ២០២៥ ចំនួន ៦គ្រឿង, Mobile Power Stations 315000mAh (600W) ចំនួន ២៥ គ្រឿង,
មី ២០០កេស, នំទាហាន ១៦១កេស
(សរុប ៦,០០០ដុំ),
កាហ្វេ 3 in 1 ៨៤កេស(សរុប២,០០០កញ្ចប់),
ទឹកដោះគោខាប់ ៨៤កេស (សរុប ៤,០៣២កំប៉ុង),
ត្រីខ ៦០កេស (សរុប ៦,០០០កំប៉ុង), បាយក្ដាំង ៦០កេស (សរុប ៦,០០០កញ្ចប់), អំបុក ៣៣០គីឡូក្រាម,
ស្ករស ១១៣គីឡូក្រាម, បារី ១៥កេស
(សរុប ៧៥០សុង),
ថ្នាំ Advil ២៥កំប៉ុង (១កំប៉ុង
៣៦០គ្រាប់) និងថវិកាមួយចំនួន ។
គួរបញ្ជាក់ថា ការពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ចំនួន ៥០០០ កញ្ចប់ (kits) និងថវិកាមួយចំនួនជូនវីរៈកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃដែលឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា និងជូនប្រជាជនភៀសសឹកដែលគេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕











Post a Comment