១៤ថ្ងៃហើយដែលថៃ ចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់, កម្ពុជាបន្ដអំពាវនាវថៃ អនុវត្តកិច្ចព្រមព្រៀងដោះលែងទាហានកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ មកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ខណៈដែលក្រុមគ្រួសាររបស់ពួកគាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។
តាមរយៈសន្និសីទសារព័ត៌មានសង្ខេបលទ្ធផល
នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
នៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង
ដោយប្រគល់ឲ្យកម្ពុជាវិញនូវយោធិនទាំង១៨រូបនោះ ដែលគេចាប់ខ្លួន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជានៅតែបន្ដអំពាវនាវឲ្យភាគីថៃ
អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន១៨រូប
ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ដោយខុសច្បាប់។ ហើយគិតមកដល់ពេលនេះ
គឺមានរយៈពេល១៤ថ្ងៃហើយដើម្បីឲ្យពួកគាត់ត្រឡប់មកជួបជុំគ្រួសារវិញ
ហើយគ្រួសាររបស់គាត់កំពុងរង់ចាំទាំងយប់ទាំងថ្ងៃ»។
ជាមួយគ្នានេះ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងអំណរគុណដល់ដៃគូ
និងស្ថាប័នអន្ដរជាតិជាច្រើន ដែលបានចូលរួមចំណែកអំពាវនាវម្ដងហើយម្ដងទៀតឲ្យភាគីថៃ
ដោះលែងនាយទាហានកម្ពុជាឲ្យបានឆាប់រហ័ស។
ក្រសួងការពារជាតិ
កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្ដរជាតិ
នឹងបន្ដទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ
ហើយកម្ពុជានឹងមិនទុកសមាជិកគ្រួសារណាម្នាក់ចោល ឲ្យនៅឯកោជាដាច់ខាត៕
Post a Comment