អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ តែកងទ័ព កម្ពុជានៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច
ភ្នំពេញ៖ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ល្អ តែទោះជាយ៉ាងណាកងកម្លាំងរបស់កម្ពុជា នៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការទប់ស្កាត់ការចូលមក ដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងទ័ពថៃ។ នេះគឺជាការបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការអនុត្ដន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា
បានគូសបញ្ជាក់ថា ក្រោយពីចូលជាធរមាននៃបទឈប់បាញ់ និងកាវិវត្តនានា មកដល់ថ្ងៃទី០៨
ខែសីហា ឆ្នាំ២០២៥ សភាពការណ៍នៅតាមព្រំដែននៅខេត្តព្រះវិហារ និងខេត្ត
ឧត្តរមានជ័យមានភាពស្ងប់ស្ងាត់បើកគិតចាប់ពីម៉ោង១២រំលងអាធ្រាត ថ្ងៃទី០៨ ខែសីហា
ដល់ម៉ោង៦ ព្រឹកនេះ ហើយចំពោះកងកម្លាំងកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់
និងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន
យ៉ាងខ្ជាប់ខ្ជួន។លោកជំទាវឧត្ដមសេនីយ៍ឯកបានលើកឡើងថា
ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ(GBC) នៅប្រទេសម៉ាឡេស៊ី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វិញ កម្ពុជាក៏បានស្នើឱ្យមានការដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប
ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃឱ្យបានឆាប់រហ័សផងដែរ។
ជាមួយគ្នានេះដែរ លោកជំទាវឧត្ដមសេនីយ៍ឯក
អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ក្រសួងការពារជាតិកម្ពុជា
និងកងយោធពលខេមរភូមិន្ទបានប្តេជ្ញាថាមិនទុកចោលសមាជិកខ្លួនណាម្នាក់ឡើយ ។
លោកជំទាវឧត្ដមសេនីយ៍ឯកបានអះអាងថា៖ «កម្ពុជាបានប្តេជ្ញាចិត្តក្នុងការគោរពអនុវត្តន៍នៃខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ
(GBC) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃ០៧ខែសីហា ឆ្នាំ២០២៥
យ៉ាងម៉ឹងម៉ាត់»៕
Post a Comment