រដ្ឋមន្រ្តីសុខាភិបាល៖ រាល់ស្នាមរបួសរបស់វីរៈកងទ័ព គឺជាសញ្ញានៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាស បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រាល់ស្នាមរបួសរបស់វីរៈកងទ័ព គឺជាសញ្ញានៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យក៏បានសម្តែងការកោតសរសើរ និងគោរពដឹងគុណដ៏យ៉ាងជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាននឹងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំនាញ ជួយដល់មន្ទីរពេទ្យខេត្តជាប់ព្រំដែន ដើម្បីជួយសហការគ្នា ស្មារតីរួមគ្នា ក្នុងការបម្រើសេវាព្យាបាលផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលបង្ហាញឱ្យពីភាពកក់ក្តៅ ស្មារតីរួមជាតិតែមួយ និងភាពគ្រប់ជ្រុងជ្រោយនៃវិស័យសុខាភិបាល។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានដឹកនាំផ្ទាល់កិច្ចការប្រជុំពហុជំនាញឯកទេស និងចែករំលែកបទពិសោធន៍ការងារដឹកនាំប្រជុំបច្ចេកទេសកម្រិតជំនាញឯកទេស ដល់ថ្នាក់ដឹកនាំសុខាភិបាលផងដែរ។

ការប្រជុំពិភាក្សាការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតជំនាញ គឺសំដៅភាពសុីជម្រៅ ច្បាស់លាស់ ដោយឈរលើមូលដ្ឋានភស្តុតាងវេជ្ជសាស្ត្រ (evidence based medicine) អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត៕









 

Powered by Blogger.