៤ខែដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៩០០លានដុល្លារ ពីការនាំចេញអង្ករ និងស្រូវ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា ក្នុង​រយៈពេល៤ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណ ២៨២ ៣១៣ តោន ​ទទួលបានទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាមេរិក។​

ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេសបានបរិមាណចំនួន ៤០ ២៩១ តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩%។

ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៣១ ៤៣១ តោនដែលស្រូវសើមផងដែរ ដោយទទួលបានទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាមេរិក ៕







 

Powered by Blogger.