អ៊ីរ៉ង់ អំពាវនាវឲ្យឥណ្ឌា-ប៉ាគីស្ថាន អត់ធ្មត់ឲ្យបានខ្ពស់បំផុត ដើម្បីបញ្ជៀសសង្គ្រាម
ប្រភព៖ Reuters
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យឥណ្ឌា និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត ដើម្បីបញ្ជៀសសង្រ្គាម ខណៈដែលប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរកំពុងចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារដ៏សាហាវមួយនៅតំបន់កាស្មៀរ។
ការអំពាវនាវរបស់លោកធ្វើឡើង ខណៈដែលលោកបានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ
សម្រាប់ដំណើរទស្សនកិច្ចមួយថ្ងៃ។
ភាពតានតឹងបានកើនឡើង
ក្រោយមានការវាយប្រហារលើភ្ញៀវទេសចរកាលពីខែមុន។
ឥណ្ឌាបានចោទប៉ាគីស្ថានថាជាអ្នកទទួលខុសត្រូវ ប៉ុន្តែប៉ាគីស្ថានបានបដិសេធ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងនៅពេលទៅដល់ថា លោកទទួលបានព័ត៌មានថា ប៉ាគីស្ថានមាន «ចារកម្មគួរឲ្យទុកចិត្ត» ដែលបង្ហាញថាឥណ្ឌាគ្រោងនឹងបើកប្រតិបត្តិការយោធាដែលអាចបង្កជាសង្គ្រាម។
ប៉ាគីស្ថានមិនបានបញ្ជាក់ច្បាស់ថា
ការប្រឈមមុខដាក់គ្នានេះជាមូលហេតុចម្បងនៃទស្សនកិច្ចនេះទេ
ប៉ុន្តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា បញ្ហានេះនឹងស្ថិតក្នុងរបៀបវារៈ
ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់អ៊ីរ៉ង់ជាមួយប្រទេសទាំងពីរ។ លោក Araqchi ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី
នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះផងដែរ។
ការិយាល័យការបរទេសប៉ាគីស្ថានបាននិយាយថា
ខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងការទូតទាក់ទងនឹងស្ថានការណ៍បច្ចុប្បន្ន
ដោយបានទាក់ទងទៅប្រទេសមួយចំនួន និងបានណែនាំបេសកជនរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ
ឲ្យស្វែងរកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ព្រមជាមួយគ្នានេះ
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី
លោក Sergey Lavrov ដែលលោក Lavrov បានសម្ដែងការព្រួយបារម្ភ
និងជំរុញឲ្យមានការអត់ធ្មត់ និងការដោះស្រាយតាមផ្លូវការទូត។
ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ
ក្រសួងការបរទេសឥណ្ឌាមិនទាន់ធ្វើអត្ថាធិប្បាយទេ។ កន្លងមក
ឥណ្ឌាតែងតែច្រានចោលការសម្រុះសម្រួលពីភាគីទីបីក្នុងបញ្ហាកាស្មៀរ
ដែលជាតំបន់ភ្នំហិម៉ាល័យមានជម្លោះរវាងប្រទេសទាំងពីរ និងជាចំណុចស្នូលនៃសង្គ្រាម
និងការប្រឈមមុខដាក់គ្នាជាច្រើនលើក។
គួរបញ្ជាក់ថា
ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអ៊ីរ៉ង់ គឺជាកិច្ចប្រឹងប្រែងការទូតចុងក្រោយបង្អស់
ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង
ដែលកំពុងតែគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់អាស៊ីខាងត្បូង៕
Post a Comment