ប៉ាគីស្ថាន អះអាងថាបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា ៥គ្រឿង និងចាប់បានឈ្លើយសឹកមួយចំនួន
ប្រភព៖ AFP
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងនៅថ្ងៃពុធ ទី៧ ខែឧសភា ថា យោធាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនទាហានឥណ្ឌាមួយចំនួនជាឈ្លើយសឹកទៀតផង។
ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា
បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន
និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។ ប៉ាគីស្ថាន វិញបានអះអាងថាមនុស្សយ៉ាងហោច៨នាក់បានស្លាប់
និង៣៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។ ទីក្រុងញូវដែលីវិញបានអះអាងថាខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ
របស់ក្រុមភេរវករ។
លោក Asif បានគូសបញ្ជាក់ថា «ប្រសិនបើសកម្មភាពអរិភាពបញ្ឈប់...នោះយើងនឹងជជែកជាមួយ ឥណ្ឌា។
យើងក៏មិនចង់ឱ្យស្ថានការណ៍នេះផ្ទុះរាលដាលកាន់តែខ្លាំងនោះដែរ។
ប៉ុន្តែប្រសិនបើឥណ្ឌានៅតែបន្តធ្វើសកម្មភាពអរិភាព យើងនឹងធ្វើការឆ្លើយតបវិញ»។
ភ្លាមៗមិនទាន់មានប្រតិកម្មតបតពីខាងឥណ្ឌាចំពោះការអះអាងខាងលើរបស់ប៉ាគីស្ថាននៅឡើយទេ។
សូមជម្រាបថា ភាពតានតឹងរវាឥណ្ឌា និងប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៊ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែក គ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ៕
Post a Comment