សហរដ្ឋអាមេរិក ជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាទៅវិញទៅមកដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទខាងលើ លោក Rubio
បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថានដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ
ធ្វើការជាមួយគ្នាទៅវិញទៅមក ដើម្បីបន្ធូរបន្ថយភាពតានតឹង
បង្កើតទំនាក់ទំនងដោយផ្ទាល់ឡើងវិញ និងរក្សាសន្តិភាព។
វ៉ាស៊ីនតោនក៏បានជំរុញឱ្យបណ្ដាប្រទេសដទៃជួយបន្ថយភាពតានតឹងផងដែរ ខណៈស្នើឱ្យឥណ្ឌា
និងប៉ាគីស្ថានស្វែងរកដំណោះស្រាយ មួយប្រកបដោយការទទួលខុសត្រូវ។
តាមក្រសួងការបរទេសអាមេរិក លោក Marco
Rubio បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា
លោក Subrahmanyam Jaishankar និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
លោក Shehbaz Sharif ជាមួយការបង្ហាញការគាំទ្រចំពោះឥណ្ឌា
ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងជំរុញឱ្យប៉ាគីស្ថានផ្ដល់កិច្ចសហប្រតិបត្តិការនៅក្នុង
ការស៊ើបអង្កេតលើការវាយប្រហារ។
កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ
គឺជាកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈក្នុងពេលតែមួយពីការចូលរួមការទូតរបស់ទីក្រុងវ៉ាស៊ីនតោនសំដៅបន្ធូរបន្ថយ
ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសាមក។
សូមជម្រាបថា ឥណ្ឌាគឺជាដៃគូដ៏សំខាន់សហរដ្ឋអាមេរិក
ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលចិន។ ប៉ាគីស្ថានវិញ
ក៏នៅតែជាសម្ព័ន្ធមិត្តរបស់វ៉ាស៊ីនតោនដែរ
បើទោះជាសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំង២បានថមថយចុះ
ក្រោយសហរដ្ឋអាមេរិកដកកងទ័ពចេញពីអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២១ ក៏ដោយ៕
Post a Comment