សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី
ភ្នំពេញ៖ នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសន្ទានាតាមទូរស័ព្ទជាមួយលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។
សម្តេចមហាបវរធិបតី បានគូសរំលេចថា
លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី
មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី និងបន្តគាំទ្រលោកឱ្យធ្វើជានាយករដ្ឋមន្ត្រី
ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា
បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក អាន់តូនី អាល់បានី កម្ពុជា
និងអូស្ត្រាលី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត
ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ៕
Post a Comment