កម្ពុជា ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ និងឱកាសវិនិយោគ ទៅកាន់ធុរកិច្ចជនតួកគី និងអាល់បានី

អ៊ីស្តង់ប៊ុល-តួកគីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ និងពិសាអាហារពេលល្ងាចជាមួយលោក Volkan Öztürk អគ្គកុងស៊ុលកិត្តិយសកម្ពុជានៅទីក្រុងអ៊ីស្តង់ប៊ុល លោកស្រីអគ្គកុងស៊ុលកិត្តិយសអាល់បានីប្រចាំទីក្រុងអ៊ីស្តាន់ប៊ុល និងលោក Mahir ALP ប្រធានក្រុមប្រឹក្សាធុរកិច្ចតួកគី និងកម្ពុជា (Türkiye-Cambodia Business Council) លើកិច្ចសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាដល់ប្រជាពលរដ្ឋ និងធុរជននៅសាធារណរដ្ឋតួកគី​ និងសាធារណរដ្ឋអាល់បានីឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញអគ្គកុងស៊ុល និងធុរកិច្ច ជាពិសេសតាមរយៈការគាំទ្ររបស់ក្លឹបបាល់ទាត់ដ៏ល្បី Galatasaray Spor Kulübü

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចំណុចដូចគ្នារវាងប្រទេសទាំងបីដែលជាប្រទេសមានសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងប្រពៃណីទំនៀមទំលាប់ សក្តានុពលទេសចរណ៍ដ៏សំបូរបែប រួមទាំងការស្នាក់នៅផាសុកភាព និងចំរុះ ម្ហូបអាហារប្រពៃណីដ៏ឆ្ងាញ់ពិសារ ការទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់ និងកក់ក្តៅដល់អ្នកទេសចរអន្តរជាតិ ហើយជាប្រទេសដែលមានលក្ខណៈពិសេសខាងភូមិសាស្រ្ត ដោយកម្ពុជាឋិតចំកណ្តាល និងជាតំបន់ឆ្លងកាត់នៃតំបន់អាស៊ាន រីឯប្រទេសតួកគីជាច្រកទ្វារភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប ហើយប្រទេសអាល់បានី ជាតំបន់ឆ្លងកាត់ដ៏សំខាន់ក្នុងតំបន់បាល់កង់៕






 

Powered by Blogger.