សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា
ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ «ការពារជីវិត កសាងសន្តិភាព» ក្នុងគោលបំណងរំលឹកអំពីសារសំខាន់
និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន
និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក
នឹកដល់វីរជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន
និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន
និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព
និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។
គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់
និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់
និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន
មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ ។
សម្តេចសង្កត់ធ្ងន់ថា
ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន
ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន
និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត
ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕


Post a Comment