អភិបាលខេត្តព្រះវិហារ ណែនាំអភិបាលស្រុកឆែបថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តការងារជាមួយមន្ត្រីក្រោមឱវាទដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា!
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តព្រះវិហារ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកឆែប កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្រសាសន៍ណែនាំដល់អភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់ និងចុះជាប្រចាំជាមួយសហគមន៍ ក្តាប់ឱ្យបានអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីរកវិធានការពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តបានសម្តែងការអបអរសាទរ ចំពោះលោក ឃិត សុធារ៉ា អតីតអភិបាលក្រុងព្រះវិហារ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលស្រុកឆែប នាពេលនេះ។
ឯកឧត្តមមានប្រសាសន៍ថា គោលការណ៍ក្នុងការតែងតាំងអភិបាលក្រុង-ស្រុក ដែលមានការអូសបន្លាយរយៈពេលយូរ គឺដោយសារត្រូវឆ្លងកាត់តាមដំណាក់កាលនីមួយៗ និងការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ មុននឹងបញ្ជូនបញ្ជីឈ្មោះឆ្លងទៅក្រសួងមហាផ្ទៃ និងមានការសម្រេចឯកភាពពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕







Post a Comment