លោក ស៊ី ជីនពីង៖ សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក

 ប្រភព៖ Reuters

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ ទី២៣ ខែមេសា បាននិយាយថា សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ហើយធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងថែមទាំងជះផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក។

លោក ស៊ី បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev នៅទីក្រុងប៉េកាំង ជាទីដែលរូបលោកបាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអាស៊ែបៃហ្សង់ ដើម្បីគាំពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ហើយធ្វើកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ក្នុងវិស័យអនុវត្តច្បាប់និងសន្តិសុខជាមួយ​ភាគីអាស៊ែបៃហ្សង់។

មេដឹកនាំទាំងពីរ បានប្រកាសនូវការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ែបៃហ្សង់ ដែលវារួមមានការចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការចំនួន២០ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI នៅក្នុងវិស័យជាច្រើន។

សូមជម្រាបថា អាស៊ែបៃហ្សង់ ស្ថិតក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានគាំទ្រគំនិតផ្តួចផ្តើម BRI របស់ចិន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដោយលោក ស៊ី ជីនពីង ជាមធ្យោបាយមួយ ដើម្បីពង្រីកឥទ្ធិពលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈការជំរុញកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសកលមួយ៕



Powered by Blogger.