ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់​សមុទ្រនាភាគនិរតីនៃប្រទេស ត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធសមិទ្ធផលជាតិដ៏មានសារៈសំខាន់ទាំង៣ខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។

សូមជម្រាបថា ផ្លូវជាតិលេខ៤១ ៣១ និង៣៣ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅ​កាន់ការងារជានាយករដ្ឋមន្ត្រី៕



Powered by Blogger.