រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសបទឈប់បាញ់ ខណៈពលរដ្ឋរងគ្រោះដោយគ្រោះរញ្ជួយដី ដង្ហោយរកជំនួយ

 ប្រភព៖ AFP

បរទេស៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ទី២ ខែមេសា បានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នមួយ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង ហើយអ្នកនៅរស់រានមានជីវិតកំពុងដង្ហោយរកជំនួយបន្ថែម។

តាមរបបសឹកមីយ៉ាន់ម៉ា ខ្លួននឹងអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃទី២២ ខែមេសា ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ ក្រោយក្រុមឧទ្ទាម បានប្រកាសពីបទឈប់បាញ់ជាមួយការសន្យាដូចគ្នានេះដែរ។ របបសឹកមីយ៉ាន់ម៉ា បានបន្ថែមទៀតថាបទឈប់បាញ់នេះមានគោលដៅពន្លឿន និងសម្រួលដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយ កសាងឡើងវិញ និងដើម្បីរក្សាសន្តិភាព ក៏ដូចជាស្ថិរភាព។

 មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បូកមីយ៉ាន់ម៉ា និងថៃ ជាទីដែលលោកនឹងត្រូវពិភាក្សាពីការឆ្លើយតបទៅនឹងមហន្តរាយបង្កឡើងដោយគ្រោះរញ្ជួយដី។

សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ បានវាយប្រហារលើមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបណ្ដាលឱ្យអគារជាច្រើនដួលរលំ ផ្ដាច់ជីវិតមនុស្សជិត ៣០០០នាក់ និងរាប់ ពាន់នាក់បាត់បង់ផ្ទះសម្បែង។ គ្រោះរញ្ជួយដីនេះក៏បានអង្រួនដល់ប្រទេសជិតខាង តួយ៉ាងដូចជាថៃផងដែរជាទីដែលមនុស្ស ២២ នាក់បានស្លាប់ ខណៈ៧០នាក់ត្រូវបានជឿជាក់ថា ជាប់នៅក្រោមគំនរអគារបាក់បែកដែលបានដួលរលំ៕



 

Powered by Blogger.