មន្ត្រីនគរបាលចំនួន០៧នាក់រងការព្រមាន និងអប់រំធ្វើកិច្ចសន្យា (មានវីដេអូ)

ខេត្តកណ្តាល៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ចំនួន០៧នាក់ ត្រូវបានដាក់វិន័យ ដោយ០៤នាក់រងការព្រមានជាលាយលក្ខណ៍អក្សរលើកទី១ និងចំនួន០៣នាក់ត្រូវបានអប់រំធ្វើកិច្ចសន្យា និងដាក់ឱ្យអនុវត្តវិន័យរយ:ពេល៣ខែ នៅការិយាល័យបុគ្គលិក។ 

សូមជម្រាបថា សកម្មភាពរបស់មន្ត្រីនគរបាល​ចរាចណ៍ខាងលើ ត្រូវបាន​បង្ហាញក្នុងឃ្លីបវីដេអូ ដែលបង្ហោះដោយ​គណនីហ្វេសប៊ុកឈ្មោះ Lay Kongkea អំពីសកម្មភាពក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លុះព្រឹកឡើងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទាំង០៧នាក់នោះ ឲ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើង។

ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន០៤នាក់ និងអប់រំធ្វើកិច្ចសន្យាចំនួន០៣នាក់ និងដាក់ឲ្យអនុវត្តវិន័យរយៈពេល៣ខែ នៅការិយាល័យបុគ្គលិក៕






Powered by Blogger.