វិមានក្រឹមឡាំងបញ្ជាក់ថា រុស្ស៊ី-អាមេរិកកំពុងធ្វើការលើសន្តិភាពអ៊ុយក្រែន
ប្រភព៖ Reuters
មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទថា រុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន និងកែលម្អទំនាក់ទំនងទ្វេភាគី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការខឹងសម្បារចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក ត្រាំ បានប្រាប់ទូរទស្សន៍ NBC
News ថា លោកមានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីមេដឹកនាំរុស្ស៊ី
បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
ហើយលោកបានគំរាមដាក់ពន្ធបន្ថែមពី ២៥% ទៅ ៥០% លើអ្នកទិញប្រេងរុស្ស៊ី។ ក្រោយមក លោក
ត្រាំ បាននិយាយសារជាថ្មីទៅកាន់អ្នកសារព័ត៌មានថា លោកមានការខកចិត្តចំពោះលោក ពូទីន
ប៉ុន្តែបានបន្ថែមថា «ខ្ញុំគិតថាយើងកំពុងធ្វើឱ្យមានការរីកចម្រើនមួយជំហានម្តងៗ»។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ
ខាងលើ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា ទីក្រុងម៉ូស្គូកំពុងបន្តធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន
ហើយថាលោក ពូទីន នៅតែបើកចំហចំពោះការទំនាក់ទំនងជាមួយលោក ត្រាំ។លោកបានកត់សម្គាល់ថា
ការងារកំពុងដំណើរការ ប៉ុន្តែមិនទាន់មានលទ្ធផលជាក់លាក់ណាមួយនៅឡើយទេ
ដោយសារតែភាពស្មុគស្មាញនៃបញ្ហា។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ ក៏បានលើកឡើងផងដែរ
អំពីលទ្ធភាពនៃការសន្ទនាតាមទូរសព្ទរវាង លោក ត្រាំនិង លោក ពូទីន ប្រសិនបើចាំបាច់៕

Post a Comment