ផ្លូវលំមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលថែទាំក្រាលល្បាយក្រួស ជូនប្រជាពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកពេជ្រាដា

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋរស់នៅឃុំចំនួនពីរ គឺឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ​អាជ្ញាធ​រខេ​ត្ត​ម​ណ្ឌលគិរី បានបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស មួយខ្សែ ប្រវែង ១០,៥០០ម៉ែត្រ ដែលមានស្ថានភាពខូចខាតធ្ងន់​ ខណៈរដូវវ​ស្សាកាន់​តែ​ខិ​ត​ជិ​តចូលមកដល់ ដែលពិធីនេះបានធ្វើឡើងនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រព័ន្ឋគនាគមន៍ត្រូវបានអភិវឌ្ឍន៍ខ្វាត់​ខ្វែង ពីរាជធានីទៅតាមបណ្តាខេត្ត ពីទីប្រជុំជនទៅគ្រប់ជនបទនានាទូទាំងប្រទេស។ 

លោកបន្តថា ការជួសជុលថែទាំខួបក្រាលល្បាយក្រួសឡើងវិញ​ ដែលជាផ្លូវអន្តរឃុំខាងលើនេះ គឺបានជួយស្ទើរគ្រប់ផ្នែក ក្នុងជីវភាពប្រចាំថ្ងៃ​ដល់ប្រជាពលរដ្ឋ ក្នុ​ងមូល​ដ្ឋាន​​ ព្រោះនៅពេលដែលមានផ្លូវធ្វើដំណើរបានស្រួល បងប្អូនប្រជាពលរដ្ឋអាចដឹកជញ្ជូនកសិផលរបស់ខ្លួន ឬឈ្មួញធំៗអាចចេញចូលរក​ទិញ​ ផលិតផលដែលអ្នកភូមិដាំដុះបានក្នុងតម្លៃថ្លៃ។ ក្រៅពីសកម្មភាពការដឹកជញ្ជូនផ្លូវមួយខ្សែនេះ ថែមទាំងបានជួយដល់វិស័យអប់រំ និង​សុខា​ភិបា​លផងដែរ ដោយសិស្សានុសិស្សអាចទៅរៀនសូត្របានងាយស្រួល ចំណែកនៅពេលមានអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេ​ទ្យក៏បាន​ទាន់​ពេលវេលា។ 

លោកបន្តទៀតថា ដោយគុណប្រយោជន៍ផ្លូវមួយខ្សែនេះ បានជួយសម្រួលក្នុងជីវភាពរបស់អ្នកភូមិយ៉ាងច្រើនអនេក លោក ជាក់ ម៉េងហ៊ាង បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារផ្លូវឲ្យបានប្រើប្រាស់យូរអង្វែង មិនត្រូវកាប់កាយគាស់លើដងផ្លូវ ដែលនាំឲ្យផ្លូវងាយប្រឈម ការខូចខាតវិញឡើយ។ លោក អភិបាលរងខេត្ត ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព​ក្រុម​គ្រួ​សារឲ្យបានល្អ ដ្បិត​ភ្លៀងបានបន្តធ្លាក់ស្ទើររាល់ថ្ងៃ ដែលអាចនាំឲ្យកើតមានជំងឺតម្កាត់នានា បណ្តាលមកពីសត្វមូស ឬកង្វះ​អនាម័យ​ជាដើម។ ម៉្យាងវិញ​ទៀត បងប្អូនត្រូវរូតរះដាំដុះដំណាំនានា ឲ្យទាន់កាលវេលានៃរដូវធ្លាក់ភ្លៀង ដើម្បីទទួលបានផលល្អប្រសើរ។

លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែងសរុប ១០,៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់២០សង្ទីម៉ែត្រ សាងសង់លូ៤កន្លែង ស្ថិតនៅឃុំពូជ្រៃ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងគម្រោង (DRR-PM-2025-No 027)៕











Powered by Blogger.