UN ព្រមានពីការកើនឡើងហានិភ័យឆ្លងមេរោគអេដស៍ថ្មី ២.០០០ នាក់ក្នុងមួយថ្ងៃ
ប្រភព៖ Reuters
ហ្សឺណែវ៖ ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមានថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក
អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មីប្រមាណ ២.០០០ ករណីក្នុងមួយថ្ងៃនៅទូទាំងពិភពលោក
និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។
ការព្រមាននេះធ្វើឡើងដោយសារការព្រួយបារម្ភថា
ប្រសិនបើមូលនិធិដែលបានផ្អាកមិនត្រូវបានស្តារឡើងវិញ ឬជំនួសដោយប្រភពផ្សេងទេ
នោះវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ជាសកល។
នាយកប្រតិបត្តិ UNAIDS
លោកស្រី Winnie Byanyima បានថ្លែងថា «ការដកហូតមូលនិធិភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងបិទគ្លីនិកជាច្រើន
និងបញ្ឈប់បុគ្គលិកសុខាភិបាលរាប់ពាន់នាក់... ទាំងអស់នេះមានន័យថា
យើងអាចនឹងឃើញការឆ្លងថ្មីចំនួន ២.០០០ ករណីជារៀងរាល់ថ្ងៃ»។
លោកស្រីក៏បានព្រមានផងដែរថា
ប្រសិនបើមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)
មិនត្រូវបានបន្តនៅចុងបញ្ចប់នៃការផ្អាករយៈពេល ៩០ ថ្ងៃនៅក្នុងខែមេសា
ឬមិនត្រូវបានជំនួសដោយរដ្ឋាភិបាលផ្សេងទេនោះ «វានឹងមានករណីស្លាប់ដោយសារជំងឺអេដស៍ចំនួន
៦,៣ លាននាក់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ»។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំង
បើធៀបនឹងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ប្រមាណ ៦០០.០០០
នាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៣ នេះបើតាមទិន្នន័យចុងក្រោយ។
ការកើនឡើងនេះអាចមានរហូតដល់ទៅដប់ដងនៃចំនួនអ្នកស្លាប់បច្ចុប្បន្ន។
សូមជម្រាបថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក
ដូណាល់ ត្រាំ បានសម្រេចផ្អាកជំនួយបរទេសស្ទើរតែទាំងអស់នៅពេលចូលកាន់តំណែងកាលពីថ្ងៃទី
២០ ខែមករា។ ក្រោយមក ក្រសួងការបរទេសបានបញ្ជាក់ថា
កម្មវិធីសង្គ្រោះជីវិតដែលទាក់ទងនឹងជំងឺអេដស៍ក្រោមគម្រោង PEPFAR
នឹងបន្តដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ UNAIDS បានរាយការណ៍ថា
ការរំខានដល់ការផ្តល់មូលនិធិសុខភាព និងសេវាគាំទ្រទូលំទូលាយ
កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផ្ទុកមេរោគអេដស៍៕
Post a Comment