ស្ថានទូតឥណ្ឌូនេស៊ីស្វាគមន៍ និងធ្វើទំនាក់ទំនងកាន់តែច្រើនជាមួយនិស្សិត

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅទីក្រុងភ្នំពេញ បានបើកទ្វារទទួលនិស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ BELTEI International University ប្រមាណ១២០នាក់។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីរបស់សាកលវិទ្យាល័យ ក្នុងការនាំនិស្សិតជំនាញទំនាក់ទំនងអន្តរជាតិ ដើម្បីយល់ដឹងពីវិស័យការទូត។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានធ្វើបាឋកថាស្តីពី ប្រវត្តិសាស្ត្រ និងនិន្នាការថ្មីៗនៃទំនាក់ទំនងឥណ្ឌូនេស៊ី-កម្ពុជា។ ឯកអគ្គរដ្ឋទូតក៏បាន ចែករំលែកបទពិសោធន៍របស់លោក ក្នុងនាមជា អ្នកការទូត ជាពិសេសអំពីបុគ្កលិកលក្ខណៈបែបបណាដើម្បីរួមចំណែកក្នុងការបង្កើតអនាគតអ្នកការទូតនៅកម្ពុជា និងឥណ្ឌូនេស៊ី។

លោកឯកអគ្គរដ្ឋទូត Santo បានសម្តែងនូវការរំភើបចិត្ត ដែលបានឃើញយុវជនកម្ពុជាចង់ស្វែងយល់អំពីប្រទេសឥណ្ឌូនេស៊ី។ នេះជាការល្អសម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរបានប្រារព្ធខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “ដំណើរទស្សនកិច្ចរបស់សាកលវិទ្យាល័យ BELTEI International គឺជាឱកាស ដ៏ល្អសម្រាប់និស្សិតក្នុងការស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា”។

លោក លី ណាវុធ សាកលវិធ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានពន្យល់ថា ដំណើរទស្សនៈកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ការសិក្សាក្នុងថ្នាក់រៀន ជាមួយនឹងបទពិសោធន៍ជាក់ស្តែង។ និស្សិតបានឃើញសកម្មភាពការទូត ក្នុងការជួយពួកគេឱ្យយល់ពីរបៀបដែលឥណ្ឌូនេស៊ី និងកម្ពុជាធ្វើការជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង។

នេះជាលើកទីពីរហើយ ក្នុងរយៈពេលពីរឆ្នាំដែលក្រុមធំនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមកទស្សនកិច្ចនៅស្ថានទូត។ បន្ទាប់ពីធ្វើបាឋកថា លោកឯកអគ្គរដ្ឋទូត Santo បានផ្តល់ឱកាសឱ្យនិស្សិតឱ្យធ្វើការទំនាក់ទំនង ដោយបង្កើតជាវគ្គសាកសួរជាសំណួរនិងចម្លើយដល់ពួកគេ។ 

និស្សិតមួយចំនួនបានសួរសំណួរអំពីគោលនយោបាយការបរទេស របស់ឥណ្ឌូនេស៊ី ខណៈពេលដែលអ្នកផ្សេងទៀតមានការចាប់អារម្មណ៍ចំពោះពិធីការទូតនៅស្ថានទូត។ ការចង់ដឹងចង់ឃើញ និងភាពរីករាយរបស់ពួកគេបានធ្វើឱ្យការជួបជុំប្រព្រឹត្តទៅដោយភាពរស់រវើក និងទាក់ទាញ។

ស្ថានទូតឥណ្ឌូនេស៊ីសង្ឃឹមថា បទពិសោធន៍មួយនេះនឹងជំរុញទឹកចិត្តនិស្សិតកម្ពុជា បន្ថែមទៀតឱ្យស្វែងយល់ អំពីប្រទេសឥណ្ឌូនេស៊ី ឬអាចតាមរយៈការធ្វើទស្សនកិច្ច ឬការសិក្សានៅប្រទេសឥណ្ឌូនេស៊ីនាពេលអនាគត។ ជារៀងរាល់ឆ្នាំ ឥណ្ឌូនេស៊ីទទួលនិស្សិត កម្ពុជាពីសាលាដែលមានកម្រិតផ្សេងៗគ្នាដែលភាគច្រើនតាមរយៈ កម្មវិធីអាហារូបករណ៍ ដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី ឬស្ថាប័នអប់រំនៅឥណ្ឌូនេស៊ី៕











Powered by Blogger.