អនុប្រធានាធិបតីអាមេរិកនឹងធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland ក្នុងសប្ដាហ៍នេះ​

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមីនាថាលោកនឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុង សប្ដាហ៍នេះជាដែនដីមួយដែលលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទូចថាទីក្រុងវ៉ាស៊ីនតោនគួរតែជាអ្នកគ្រប់គ្រង។

លោក JD Vance បញ្ជាក់ថា គណៈប្រតិភូអាមេរិកដឹកនាំដោយលោក JD Vance នឹងផ្ដើមបំពេញទស្សនកិច្ចទៅកាន់ដែនដី Greenland ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះ។

លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកគួរតែគ្រប់គ្រងលើដែនដី Greenland ដោយសំអាងថាដែនដីនេះមានសារៈសំខាន់សម្រាប់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែ ការអះអាងនេះត្រូវបានរដ្ឋាភិបាលដាណឺម៉ាក ​និង Greenland ច្រានចោល ហើយបង្ហាញការប្រឆាំងជំទាស់ទៅនឹងការគ្រប់គ្រងណាមួយរបស់សហរដ្ឋអាមេរិក។ មួយវិញទៀត ការស្ទង់មតិជាច្រើន ក៏បានបញ្ជាក់ដែរថាប្រជាជន Greenland ស្ទើរតែទាំងអស់ប្រឆាំងនឹងការចូលរួមជាមួយសហរដ្ឋអាមេរិក។

សូមជម្រាបថា Greenland គឺជាដែនដីស្វយ័តមួយស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ដាណឺម៉ាក ដែលនេះ មានន័យថារាល់ការផ្លាស់ប្ដូរណាមួយនឹងតម្រូវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕



 

Powered by Blogger.