ជប៉ុន ផ្តល់ជំនួយឥតសំណងជិត១១លានដុល្លារ ពាក់ព័ន្ធសកម្មភាព កំចាត់មីនកម្ពុជា
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃ៣១ មីនា នេះ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានា ពាក់ព័ន្ធទៅនឹងសកម្មភាពកំចាត់មីនកម្ពុជា ។
ពិធីហត្ថលេខានេះ
បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចព្រមព្រៀង
ហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តគម្រោង
ផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២
មានហិរញ្ញប្បទានឥតសំណង សរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ
និងគម្រោងសម្រាប់គាំទ្រក្រសួង ២ផ្សេងទៀតសរុប៤គម្រោង ។
គម្រោងទាំង២នោះរួមមាន៖
១. គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMACលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម
។ គម្រោងនេះមានថវិកាសរុប ចំនួន១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារ
ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន ៖
គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម
ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង
និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺន អ្នកជំនាញសកម្មភាពមីន ទាំងក្នុងតំបន់និងអន្តរជាតិ។
២. គម្រោងទី២៖
ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន ប្រមាណជាង២លានដុល្លារ
សម្រាប់គាំទ្រគម្រោងសាងសង់ អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយ
អប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្ដិភាព)
នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ
សរុបកើនដល់ចំនួន២.៧៥១លានយ៉េន ប្រមាណជិត២០លានដុល្លារ ៕

Post a Comment